ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តក្រចេះ បង្រ្កាបបទល្មើសធនធានធម្មជាតិ បានចំនួន១៩៥ករណី តំបន់ការពារធម្មជាតិ
ក្រចេះ÷ មន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងអំឡុងឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនានា បានចុះល្បាតទប់ស្កាត់ បទល្មើសធនធានធម្មជាតិ បានចំនួន ៩៣២លើក និងបានធ្វើការបង្រ្កាបបទល្មើសចំនួន ១៩៥ករណី ក្នុងតំបន់ការពារធម្មជាតិចំនួន៦ រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដែលមានផ្ទៃដីសរុប ២៨៣ ៤០២ ហិកតា។
លោក គា ប៊ូ ប្រធាន មន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថា
ចំពោះបទល្មើសដែលបានបង្រ្កាបនាពេលកន្លងមក ក្រុមការងារបានបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃចំនួន ៨៩ ករណី បទល្មើសព្រៃឈើ ចំនួន២៤ ករណី បទល្មើសសត្វព្រៃចំនួន ៣៧ករណី បទល្មើសឡធ្យូងខុសច្បាប់ ចំនួន ២៩ ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ ចំនួន២៤ ករណី។

ក្នុងនោះមន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿងទាក់ទងនឹងបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ បានចំនួន ៤២ សំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ ក្នុងនោះមានជនសង្ស័យ ចំនួន ៦ នាក់ ត្រូវបានចាប់ខ្លួននិងបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
ដកហូតនិងប្រមូលវត្ថុចាប់យក រួមមាន រថយន្តកែច្នៃចំនួន ១គ្រឿង គោយន្តកន្រ្តៃ ចំនួន៣គ្រឿង ម៉ូតូចំនួន១១គ្រឿង រណាយន្តចំនួន១៨គ្រឿង ឈើអាចម្រុះចំនួនជាង១២ម៉ែត្រត្រីគុណ អាវុធកែច្នៃចំនួន១០ដើម អន្ទាក់ខ្សែចំនួន២៨៤ ខ្សែ ម៉ង ចាប់សត្វចំនួន១០០ម៉ែត្រ និងវត្ថុតាងមួយចំនួនទៀត ទៅរក្សាទុកនៅតាមស្នាក់ការ នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
លោក គា ប៊ូ ក៍បានបញ្ជាក់ថា សម្រាប់ទិសដៅបន្តរមន្ទីរបរិស្ថានខេត្តក្រចេះ ប្តេជ្ញាបន្តពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹង តាមយុទ្ធសាស្ត្រក្រសួងបរិស្ថាន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ធានាការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពស្អាត ភាពបៃតងនិងចីរភាព៕


