លោក ឃ្លាំង ណារត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត រងការចោទប្រកាន់ថា បើកបានដៃឱ្យសាច់ញាតិដឹកធ្យូងអនាធិបតេយ្យ និងបិទផ្លូវរកស៊ីប្រជាពលរដ្ឋ

admin By admin September 22, 2026

ក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានសម្តែងការខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណាត់ការមិនស្មើភាពគ្នារបស់លោក ឃ្លាំង ណារត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដោយបានរារាំងមិនឱ្យពលរដ្ឋក្នុងមូលដ្ឋានដឹកជញ្ជូនធ្យូង ជាលក្ខណៈគ្រួសារ ប៉ុន្តែបែរជាបើកដៃឱ្យក្រុមឈ្មួញត្រូវជាសាច់ញាតិ និងបងប្អូនកូនក្មួយរបស់ខ្លួន ដឹកជញ្ជូនយ៉ាងរលូន និងបង្កភាពអនាធិបតេយ្យលើដងផ្លូវ។

ប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថាប៉ុន្មានថ្ងៃនេះ លោក ឃ្លាំង ណារត្ន័ ជិះរថយន្តដើរប្រាប់ និងហាមឃាត់ពលរដ្ឋមិនឱ្យប្រកបរបរដឹកជញ្ជូនធ្យូង តាមរថយន្តសាំយ៉ុងនោះឡើយ។ ផ្ទុយទៅវិញ គេសង្កេតឃើញក្រុមឈ្មួញជាសាច់ញាតិមន្ត្រីរូបនេះ បានប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃចំនួន៣ គ្រឿង ដឹកផ្ទុកធ្យូងប្រៀបពេញ រួចបើកបរក្នុងល្បឿនលឿន និងរេពេញផ្លូវជាតិ និងផ្លូវលំក្នុងភូមិ បង្កហានិភ័យខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ។

ប្រភពដដែលបានបន្តថា ការរឹតបន្តឹងលើពលរដ្ឋសាមញ្ញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយព័ត៌មានថា លោកឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ កំពុងតែសម្ងំប្រមូលផលប្រយោជន៍ ពីការដឹកជញ្ជូនផល-អនុផលព្រៃឈើ (ធ្យូង ឈើ និងអុស) ក្នុងភូមិសាស្ត្រខាងលើ។
ក្រោយព័ត៌មាននេះលេចធ្លាយ លោកនាយសង្កាត់បានបិទផ្លូវអាជីវកម្មរបស់ពលរដ្ឋទូទៅ ហើយទុកឱកាសឱ្យតែក្រុមសាច់ញាតិរបស់ខ្លួនប៉ុណ្ណោះ។

ជាក់ស្តែង នៅយប់ថ្ងៃទី១៨ ខែកញ្ញានេះ សកម្មភាពដឹកជញ្ជូនឈូសតាមរថយន្តសាំយ៉ុងកែច្នៃចំនួន ៣ គ្រឿង របស់ក្រុមសាច់ញាតិលោកនាយសង្កាត់ នៅតែបន្តសកម្មភាពដឹកជញ្ជូនធ្យូង ដដែលដោយពួកគេអះអាងប្រាប់ទៅសមត្ថកិច្ចផ្សេងទៀតថាការដែលអាចធ្វើសកម្មភាពដឹកជញ្ជូនបានរាល់ថ្ងៃនេះដោយសារតែពួកគេមានខ្សែ ដូច្នេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅមូលដ្ឋាននោះមិនចាប់បង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះក្រុមឈ្មួញទាំងនេះបានធ្វើសកម្មភាពបើកប បែបអាណាធិបតេយ្យលើដងផ្លូវ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ហើយបង្កការផិតភ័យទៅដល់អ្នកធ្វើដំណើរនៅតាមផ្លូវនៅផងដែរ។

ហើយអ្វីដែលពិសេសនៅពេលដែលក្រុមឈ្មួញដែលជាសាច់ញាតិរបស់មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះធ្វើសកម្មភាពដឹកជញ្ជូន ក៏មានការរាយការណ៍និងខលតាមទូរសព្ទទៅលោក ឃ្លាំង ណារត្ន័ ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើតែមិនទទួល និងមានការឆ្លើយតបនោះទេ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើផ្សេងទៀតដែលនៅ ប្រចាំការក៏ត្រូវបានរាយការណ៍ជូននិងមិនមានការឆ្លើយតបដូចគ្នា។

ជុំវិញករណីនេះ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្តក្រចេះ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចុះស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីធានាតម្លាភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Leave a Reply

Your email address will not be published. Required fields are marked *