​លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១ នៅវេឡុគង្គារាម (ហៅវត្តអូរឫស្សី) ក្រុងក្រចេះ

admin By admin September 27, 2026

​​ខេត្តក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តវេឡុគង្គារាម (ហៅវត្តអូរឫស្សី)ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ។

​ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់បំផុតមួយរបស់ប្រជាជនខ្មែរ ដែលបានប្រតិបត្តិតាំងពីបុរាណកាលមក ដើម្បី​ឧទ្ទិសកុសល ជូនដល់បុព្វការីជន មានជីដូនជីតា ឪពុកម្តាយ គ្រូឧបជ្ឈាយាចារ្យ និងញាតិសន្តានទាំងប្រាំពីរ ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដើម្បីថែរក្សាវប្បធម៌ និងប្រពៃណី លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យស្ថិតស្ថេរចីរកាល ​ពង្រឹងសាមគ្គីភាព ជាពេលវេលានៃការជួបជុំគ្រួសារ បងប្អូន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីធ្វើបុណ្យទាន រក្សាសីល និងសន្សំកុសលរួមគ្នា។

​នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួមនិងមេបញ្ជាការរង នាយទាហាន ពលទាហាន ចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៍បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្ដែង ព្រះធម៌ទេសនា កាលពីល្ងាចថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។

ហើយនៅព្រឹកថ្ងៃទី២៧នេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាជាមួយមន្ត្រីក្រោមឱវាទ បានរៀបចំនាំយកចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗរួមាន ទឹកសុទ្ធចំនួន ១០កេះ មី២កេះ ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ អង្ករ២បេ ស្មើនិង១០០គីឡូនិងបច្ច័យកសាង 4.000.000រៀល
សរុប 4.500.000រៀល វេរប្រកេនជូនព្រះសង្ឃដែលគង់ចាំវស្សា ដើមី្បជួយទ្រទ្រង់ដល់ការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងរដូវវស្សា។

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល ១៥ថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចាត់តាំង និងដាក់ពង្រាយកម្លាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីឲ្យការធ្វើដំណើរ និងការប្រារព្ធពិធីបុណ្យនៅតាមទីវត្តអារាមនានាក្នុងខេត្ត ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *